ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ

       អ្នកឧកញ៉ាមានសញ្ជាតិខ្មែរ-អាម៉េរិក ជាអ្នកឯកទេសអប់រំ វេជ្ជបណ្ឌិត សហគ្រិន និងជនស្នេហាមនុស្សជាតិមួយរូប។ អ្នកឧកញ៉ាគឺជា ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ ស្ថាប័នអប់រំនេះមាន មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) សាលារៀន អន្ដរទ្វីប អាមេរិកាំង (AIS) និងសូហ្គូ (SOGO) ដែលផ្ដោតសំខាន់លើការអប់រំ ការរីកចម្រើននៃសង្គម និងការអភិវឌ្ឍសហគមន៍នៅក្នុងប្រទេសកម្ពុជា។

        បច្ចុប្បន្ន អ្នកឧកញ៉ាមានតំណែងដ៏មានឥទ្ធិពលមួយចំនួន ដូចជា សមាជិកទីប្រឹក្សា និងសហអនុប្រធានក្រុមការងារផ្នែកសុខាភិបាល (ចាប់ពីឆ្នាំ២០២៣), សហអនុប្រធានក្រុមការងារផ្នែកអប់រំ (ចាប់ពីឆ្នាំ ២០១៩) នៃសភាពាណិជ្ជកម្មកម្ពុជា។ អ្នកឧកញ៉ាក៏មានតំណែងជា ទីប្រឹក្សាកិត្តិយស នៃសមាគមសហគ្រិនស្រ្តីកម្ពុជា, សមាជិកក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព, សហស្ថាបនិក និងទីប្រឹក្សា នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា, សមាជិកស្ថាបនិក និងក្រុមប្រឹក្សាភិបាលនៃអង្គការ តម្លាភាពកម្ពុជា, ប្រធានស្ថាបនិកកិត្តិយស នៃសហព័ន្ធកីឡាល្បុក្កតោកម្ពុជា, ឧត្ដមទីប្រឹក្សា គណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា, និងស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល​ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន។

ប្រវត្តិសិក្សា

        អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី មានស្រុកកំណើតនៅខេត្តបាត់ដំបង ហើយបានរស់នៅ និងទទួលបានការអប់រំនៅក្នុងសហរដ្ឋអាម៉េរិក។  អ្នកឧកញ៉ា បានបញ្ចប់ការសិក្សាផ្នែក Pre-Med Studies នៅសាកលវិទ្យាល័យ University of California at Berkeley និងទទួលបានសញ្ញាបត្រអនុបណ្ឌិត ផ្នែកសុខភាពសាធារណៈ​​ ពីសាកលវិទ្យាល័យ Massachusetts ក្រុង Amherst និងទទួលបាន​សញ្ញាបត្រវេជ្ជបណ្ឌិតវេជ្ជសាស្ត្រ ជំនាញវេជ្ជសាស្រ្តទូទៅពីសាកលវិទ្យាល័យ Spartan Health Sciences។ អ្នកឧកញ៉ា បានបញ្ចប់ការហ្វឹកហ្វឺនផ្នែកវេជ្ជសាស្ដ្រនៅមន្ទីរពេទ្យ នៃសាកលវិទ្យាល័យ អៀលលីណយ ទីក្រុងឈីកាហ្គោ សហរដ្ឋអាម៉េរិក និងការហ្វឹកហ្វឺនក្រោយថ្នាក់វេជ្ជបណ្ឌិត ក្នុងតួនាទីជា ទីប្រឹក្សាសុខភាពសាធារណៈ នៃគម្រោងសមាហរណកម្មនៃការទទួល​បន្ទុក​ពិនិត្យ ​និង​ព្យាបាល​ជំងឺកុមារ (ស.ព.ជ.ក) អង្គការដៃគូសម្រាប់​អភិវឌ្ឍន៍ ជាអង្គការមួយដែលមានមូលដ្ឋាននៅ រដ្ឋម៉ារិឡែន សហរដ្ឋអាម៉េរិក និងមានសកម្មភាពក្នុងប្រទេសកម្ពុជា។

ដំណើរអាជីព

        មុនពេលវិលត្រឡប់មកកាន់​ប្រទេសកម្ពុជាវិញ​ក្នុងឆ្នាំ២០០២ អ្នកឧកញ៉ា បានបម្រើការងារលើតួនាទីជា សាស្ត្រាចារ្យវិទ្យាសាស្រ្ត បង្រៀននៅដេប៉ាតឺម៉ង់​ វិទ្យាសាស្ត្រស្តីពីរូបរាងកាយនិងជីវិត នៃមហាវិទ្យាល័យ Cleveland Chiropractic ក្នុងរដ្ឋ California។ នៅពេលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ អ្នកឧកញ៉ាបានបំពេញតួនាទីសំខាន់ៗមួយចំនួន នៅក្នុងវិស័យអប់រំ រួមមានដូចជាសាស្ត្រាចារ្យរង នៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា, អនុប្រធានគណៈកម្មការអប់រំ ស្ថាបនិកព្រឹទ្ធបុរស និងសាស្រ្តាចារ្យរង ផ្នែកសុខភាពសាធារណៈ នៃមហាវិទ្យាល័យសុខភាពសាធារណៈ នៅសាកលវិទ្យាល័យកម្ពុជា​។ ក្នុងឆ្នាំ២០០៥ អ្នកឧកញ៉ាបានបង្កើត ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ជាស្ថាប័នអប់រំដែលបានរីកចម្រើនជាគោលដ៏សំខាន់ នៃឧត្តមភាពក្នុងការអបរំ និងផលជះជាវិជ្ជមានដល់សង្គម នៅក្នុងប្រទេសកម្ពុជា។​

ការស្នេហាមនុស្សជាតិ និងផលជះ

        លោកវេជ្ជបណ្ឌិត គួច ម៉េងលី ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ក្រោមការលះបង់របស់​លោកចំពោះការអភិវឌ្ឍសហគមន៍ តាមយៈវិស័យអប់រំ សុខាភិបាល និងសេវាកម្មសង្គម។ ស្ថាប័នអប់រំ​របស់លោក គឺក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលតែងទទួលបានការកោតសរសើរយ៉ាងច្រើនទាំងនៅលើថ្នាក់ជាតិ និងអន្តរជាតិចំពោះការចូលរួមចំណែកដ៏ឆ្នើមរបស់ខ្លួនលើវិស័យទាំងនេះ ដែលបានពង្រឹងបន្ថែមកេរ្តិ៍ដំណែលរបស់លោក ក្នុងនាមជាអ្នកដឹកនាំដែលមានចក្ខុវិស័យ និងអ្នកផ្លាស់ប្តូរមួយរូបនៅក្នុងប្រទេសកម្ពុជា។ ការប្តេជ្ញាចិត្តពេញមួយជីវិតរបស់លោកវេជ្ជបណ្ឌិត គួច ម៉េងលី ក្នុងការផ្តល់សិទ្ធិអំណាចដល់សហគមន៍ តាមរយៈការអប់រំ សុខភាពសាធារណៈ និងសប្បុរសធម៌ នៅតែបន្តជំរុញ និងផ្លាស់ប្តូរជីវិតប្រជាជននៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស។

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ទទួលបានការកោតសរសើរយ៉ាងច្រើនទាំងថ្នាក់ជាតិ និងអន្តរជាតិ  ពីប្រទេសនានានិងស្ថាប័នផ្សេងៗ ចំពោះការចូលរួមចំណែកដ៏ឆ្នើមក្នុងវិស័យអប់រំ សុខាភិបាល និងកិច្ចការសង្គម ក្នុងនោះរួមមាន៖

  • គ្រឿងឥស្សរិយយស «ជាតូបការ» ព្រះរាជទានដោយ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ឆ្នាំ២០២៣
  • មេដាយកិត្តិយស ផ្ដល់ជូនដោយ បេសកកម្មបរទេសក្រុងប៉ារីស ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៣
  • មេដាយកិត្តយស ផ្ដល់ជូនដោយ រដ្ឋសភា ម៉ូណាកូ ប្រទេស ម៉ូណាកូ ឆ្នាំ២០២៣
  • មេដាយកិត្តិយស ខួបទីដប់ឆ្នាំនៃការសោយរាជ្យរបស់សម្ដេចប៉ាប ហ្វ្រង់ស៊ីស ប្រទានដោយ សម្ដេចប៉ាប ហ្វ្រង់ស៊ីស បុរី វ៉ាទីកង់ ឆ្នាំ២០២៣
  • ព្រះរាជប្រកាសនីយប័ត្រ គណៈសង្ឃពុទ្ធសាសនាកម្ពុជា ផ្ដល់គោរម្យ៍ងារជា បញ្ញាមេធាភិរ័ក្ខសិរី មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ឆ្នាំ២០២២
  • ព្រះរាជក្រឹត្យ ផ្ដល់គរមងារជា អ្នកឧកញ៉ា ព្រះរាជទានដោយ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ឆ្នាំ២០២១
  • ឧកញ៉ាមនុស្សធម៌ប្រចាំឆ្នាំ២០១៨ នៅ​ក្នុងគេហទំព័រព័ត៌មាន​អនឡាញ Sabay News, ព្រះរាជាណាចក្រកម្ពុជា ក្នុង​ឆ្នាំ២០១៨
  • សប្បុរសជនដ៏អស្ចារ្យទាំង៥ ប្រចាំឆ្នាំ២០១៧ នៅ​ក្នុងគេហទំព័រព័ត៌មាន​អនឡាញ Sabay News, ព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៧
  • អ្នកដឹកនាំអាជីវកម្មឆ្នើមប្រចាំឆ្នាំ២០១៦ នៅ​ក្នុង​ទស្សនាវដ្ដីពាណិជ្ជកម្មកម្ពុជា, ចេញផ្សាយ ខែធ្នូ ឆ្នាំ២០១៦
  • អ្នកដឹកនាំអាជីវកម្មឆ្នើមប្រចាំឆ្នាំ២០១៥ នៅ​ក្នុងទស្សនាវដ្ដីពាណិជ្ជកម្មកម្ពុជា, ចេញផ្សាយ ខែធ្នូ ឆ្នាំ២០១៥
  • សប្បុរសជនដ៏អស្ចារ្យទាំង៥ ប្រចាំឆ្នាំ២០១៥ នៅ​ក្នុងគេហទំព័រព័ត៌មាន​អនឡាញ Sabay News, ព្រះរាជាណាចក្រកម្ពុជា ក្នុង​ឆ្នាំ២០១៥
  • ពានរង្វាន់អ្នកដឹកនាំឆ្នើមក្នុងនាមជាដៃគូអប់រំ ប្រគល់ដោយសមាគម Worlddidac ក្នុងសន្និសីទថ្នាក់តំបន់អាស៊ីរបស់ Worlddidac ប្រចាំឆ្នាំ២០១៥, ​​ក្រុងហុងកុង, ឆ្នាំ២០១៥ ប្រគល់ជូនដោយ នាយករដ្ឋមន្ត្រីអូស្ត្រាលី ទី២៧ គឺលោកស្រី Julia Gillard
  • បណ្ណកិត្តិយស ឧត្ដមភាពនៃ​ជោគជ័យដ៏ប្រសើរក្នុងការអប់រំ និងអភិវឌ្ឍន៍យុវជន, យុវតារាកម្ពុជា, ព្រះរាជាណាចក្រកម្ពុជា, ឆ្នាំ២០១៣
  • យុវជនជនជាតិចិននៅបរទេសឆ្នើមប្រចាំឆ្នាំ ប្រគល់ជូនដោយការិយាល័យកិច្ចការបរទេសចិននៃក្រុមប្រឹក្សារដ្ឋនៃសាធារណៈរដ្ឋប្រជាមាណិតចិន, ឆ្នាំ២០០៨

ស្នាដៃសៀវភៅ

  1. «ធម្មជាតិក្នុងចិត្ត» បោះពុម្ពដោយ គ្រឹះស្ថានបោះពុម្ព នៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច, មីនា, ឆ្នាំ២០២៤
  2. «មាគ៌ាបញ្ញវន្ដ» បោះពុម្ពដោយ គ្រឹះស្ថានបោះពុម្ព នៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច, ធ្នូ, ឆ្នាំ២០២៣
  3. «ក្សត្រិយៈ ភាពជាអ្នកដឹកនាំតាមបែបប្រពៃណីខ្មែរ» ទំព័រ XXI-XXXIII, បោះពុម្ពដោយ គ្រឹះ​ស្ថាន​បោះពុម្ព នៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច, កញ្ញា, ឆ្នាំ២០២៣
  4. «ផ្លូវកាត់» បោះពុម្ពដោយ គ្រឹះស្ថានបោះពុម្ព នៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច, មីនា, ឆ្នាំ២០២៣
  5. «កម្រងកំណាព្យពីដួងចិត្ត» បោះពុម្ពដោយ គ្រឹះស្ថានបោះពុម្ព នៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច, វិច្ឆិកា, ឆ្នាំ២០២០
  6. «បណ្ដុំទស្សនៈ» បោះពុម្ពដោយ គ្រឹះស្ថានបោះពុម្ព នៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច, មិថុនា, ឆ្នាំ២០២០
  7. «គំនិតរកស៊ី គួច ម៉េងលី» បោះពុម្ពដោយ គ្រឹះស្ថានបោះពុម្ព នៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច, ខែមីនា, ឆ្នាំ២០១៩
  8. «១០៨ ចក្ខុវិស័យ គួច ម៉េងលី» បោះពុម្ពដោយ គ្រឹះស្ថានបោះពុម្ព នៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច, ខែតុលា, ឆ្នាំ២០១៨
  9. «ភ្នំដងរែក ទីពុំអាចភ្លេច» បោះពុម្ពដោយ គ្រឹះស្ថានបោះពុម្ព នៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច, ខែឧសភា, ឆ្នាំ២០១៨
  10. «អ្នកជាមនុស្សល្អ ល្អប្រសើរ និងល្អអស្ចារ្យ» បោះពុម្ពដោយ គ្រឹះស្ថានបោះពុម្ព នៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច, ខែវិច្ឆិកា, ឆ្នាំ២០១៦
  11. «ទស្សនៈអាជីវកម្ម» បោះពុម្ពដោយ គ្រឹះស្ថានបោះពុម្ព នៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច, ខែវិច្ឆិកា, ឆ្នាំ២០១៦
  12. «ជំនួបតុកាហ្វេ រវាង ដុកទ័រ ម៉េងលី និងខ្ញុំ» បោះពុម្ពដោយ គ្រឹះស្ថានបោះពុម្ព នៃសាកលវិទ្យា ល័យ ម៉េងលី ជេ. គួច, ខែសីហា, ឆ្នាំ២០១៦

ស្នាដៃនិពន្ធដោយអ្នកដទៃ

  1. «កម្រងរឿងខ្លី ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និមិត្តរូបខ្ញុំ» បោះពុម្ពដោយ គ្រឹះស្ថានបោះពុម្ព នៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច, ខែមករា, ឆ្នាំ២០២០
  2. «កម្រងកំណាព្យ វេជ្ជបណ្ឌិត គួច ម៉េងលី និងខ្ញុំ» បោះពុម្ពដោយ គ្រឹះស្ថានបោះពុម្ព នៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច, ខែសីហា, ឆ្នាំ២០១៩
  3. «ពេលមួយដែលខ្ញុំស្គាល់ ដុកទ័រ គួច ម៉េងលី» បោះពុម្ពដោយ គ្រឹះស្ថានបោះពុម្ព នៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច, ខែសីហា, ឆ្នាំ២០១៩

សំណើអញ្ជើញអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ចូលរួមជាវាគ្មិនកិត្តិយស

ទស្សនៈអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី